ព័ត៌មានទាន់ហេតុការណ៍៖

សល់១ថ្ងៃទៀតការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំជូន ACU ត្រូវបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅសល់១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ជូនអង្គភាពប្រឆាំងអំពើពុករលួយត្រូវបញ្ចប់ ជនណាមិនប្រកាសត្រូវផ្តន្ទាទោស។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា នៅសល់តែ ១ថ្ងៃ ទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ ឆ្នាំ២០២៤ នឹងត្រូវបញ្ចប់។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា ការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ ២០២៤ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ បុគ្គលដែលជាប់កាតព្វកិច្ចបានប្រកាសទ្រព្យសម្បត្តិនិងបំណុលជូន អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ១៨.០៨៥ រូប ស្មើ នឹង ៩៩.៧៤% នៃចំនួនប្រកាសសរុប ១៨.១៣២ រូប។

ក្រសួង-ស្ថាប័ន ចំនួន ២៨ និងរាជធានី-ខេត្តទាំង២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ % រីឯក្រសួង -ស្ថាប័នចំនួន ១២ ផ្សេងទៀត ក៏បានប្រកាសស្ទើរតែរួចរាល់ផងដែរ នេះបើតាម ការ បញ្ជាក់ឱ្យដឹងពីក្រុមនការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ អង្គភាពប្រឆាំងអំពើ ពុករលួយសូមឱ្យបុគ្គលដែលមិនទាន់បានប្រកាសទ្រព្យ សម្បត្តិ និងបំណុល អញ្ជើញទៅប្រកាសឱ្យបានរួសរាន់តាមច្បាប់កំណត់។

លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យ សម្បត្តិ និងបំណុលបានឱ្យដឹងថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវ នូវ ទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី មួយ សែនរៀល ទៅពីរលានរៀល ហើយត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យ សម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕

ដោយ៖ សូរិយា


ចែករំលែក៖