ភ្នំពេញ ៖ នាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ចែម វីឡាំ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ផេត្រា ស៊ីកមុនដ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានធ្វើជា សហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទីពីរ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅរដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
កិច្ចប្រជុំជាន់ខ្ពស់នេះ បានពិនិត្យឡើងវិញលើការងារ ដែលបានពិភាក្សាកាលពីកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទីមួយ និងបានពិភាក្សាស៊ីជម្រៅលើបញ្ហាកើតឡើងថ្មីៗ ដែលជាសារ សំខាន់សម្រាប់ប្រទេសទាំងពីរ។ ឥស្សរជនជាន់ខ្ពស់ទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេក្នុង ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៏ បម្រែបម្រួលអាកាសធាតុនិងបរិស្ថាន ទំនាក់ទំនងសភា។ល។ លើសពីនេះ ភាគីទាំងពីរបាន សង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសហភាពអឺរ៉ុប-កម្ពុជា និងសហភាពអឺរ៉ុប-អាស៊ាន ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ចែម វីឡាំ បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ក្នុងនោះរួមមាន ដំណើរទស្សនកិច្ច ផ្លូវការរបស់ លោកប្រធានាធិបតីអាល្លឺម៉ង់ ហ្វាំង វ៉ាល់ធ័រ ស្កែនម៉ៃយ័រ និងលោកស្រី ទីមួយ មកកាន់ ប្រទេសកម្ពុជា ជំនួបទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក អូឡាហ្វ ហ្សុលស៍ អធិការបតីអាល្លឺម៉ង់ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Nas អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងខេតয়া ទស្សនកិច្ចជាច្រើនលើករបស់គណៈប្រតិភូសភាអាល្លឺម៉ង់មកកម្ពុជា។ ភាគីកម្ពុជាក៏បានគូសបញ្ជាក់ផងដែរ អំពីតួនាទីដ៏សំខាន់របស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដែលជាដៃគូពាណិជ្ជកម្ម ទ្វេភាគីធំបំផុតនៅក្នុងសហភាពអឺរ៉ុប។ លោកបណ្ឌិត ចែម វីឡាំ ក៏បានរំលឹកអំពីលទ្ធផលនៃកិច្ចចរចា អន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ នៅទីក្រុងបុន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីខែតុលា កន្លងទៅ។
កិច្ចពិភាក្សាក៏បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងការផ្លាស់ប្តូរយោបល់ គ្នាពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ដែលជាប្រយោជន៍ និងជាកង្វល់រួម ផងដែរ។
ឥស្សរជនទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់នេះ ដោយទទួលស្គាល់ថា ជាយន្តការដ៏សំខាន់សម្រាប់ជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយអត្ថន័យរវាង ប្រទេសទាំងពីរ។
គួរជម្រាបជូនផងដែរថា ក្នុងថ្ងៃដដែលមុនកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ លោកបណ្ឌិត ចែម វីឡាំ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ស៊ូហ្សាន័រ បោវម៉ាន់ រដ្ឋលេខាធិការក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្នុងជំនួបនេះ ឥស្សរជនជាន់ខ្ពស់ទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយបានកោតសរសើរ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលជាច្រើន ទសវត្សរ៍កន្លងមក ៕
ដោយ ៖ សិលា