ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២នៅឆ្នាំ២០២៤ កម្មវិធីទស្សនាសៀមរាប និង ជំរុញការវិនិយោគនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅសំខាន់២ដែលក្នុងនោះរួមមាន៖ ទី១- កម្មវិធីទស្សនាសៀមរាប ២០២៤ និង ទី២- កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់គោលដៅខេត្តសៀមរាប រាជរដ្ឋាភិបាល បានរៀបចំកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» ចំណែកនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា  ៖ គ្រប់វិស័យទាំងអស់ សុទ្ធតែជាចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ត្រូវគិតពីកន្លែងដែលជាចំណុចគន្លឹះខ្លាំងមួយចំនួនផងដែរដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំង។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងចំណោមប៉ូលទាំង៥ រាជរដ្ឋាភិបាល បានកំណត់យកប៉ូលទី២ និងប៉ូលទី៣ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុនេះ ជាគោលដៅសម្រាប់ជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ 

សូមបញ្ជាក់ថា ៖ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ រួមមាន ៖

 ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ។

ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ។

នឹង ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច ៕

ដោយ ៖ សិលា


ចែករំលែក៖