ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ ឈានចូល៧៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ឆ្នាំ ឈានចូល៧៩ឆ្នាំ

សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់

នៅក្នុងឱកាសដ៏មង្គលាភិរម្យនៃពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ឆ្នាំ ឈានចូល៧៩ឆ្នាំ របស់សម្តេច វិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរសាទរឥតឧបមា សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសូមសម្តេចប្រធាន បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផល សង្គមយ៉ាងច្រើន ដើម្បីរួមចំណែកអភិវឌ្ឍមាតុភូមិអង្គរដ៏បវរនៃយើងឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការជំរុញយុទ្ធនាការ បោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតា ថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ ។

សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖