ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​៖​ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ រួមមាន ៖ ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹង ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។ 

ទី១-គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

* ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំបន្ថែម

* ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះ ការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំង

* ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ឆ្នាំ

* ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល

* ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ ប្រើប្រាស់ដី

* ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់

* ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់

* ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ឋ សំណង់

* ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំ អាជ្ញាបណ្ណវិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

* ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុង អចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ

* ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។ 

ទី២-គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង

* ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំ អាជ្ញាបណ្ណវិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

* ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើ ការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជីជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ

* ការផ្តល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ

*ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក។ 

ទី៣-ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

* ការសម្រួលនីតិវិធី, បែបបទ និង ការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើ ដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគនិង/ឬ ធុរកិច្ច * ការផ្តល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ដូចជាពន្ធអាករនាំ

ចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួល អចលនទ្រព្យ ជាដើម ដល់សហគ្រាស ដែលអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច

* ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួល បានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ធ្វើជា មូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល

* ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ឆ្នាំ ផ្អែកតាមសមា-មាត្រ នៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្ត លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការគណនាពន្ធលើប្រាក់ចំណូល៕

ដោយ៖ តារា


ចែករំលែក៖