ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ជាប់ជាសាលា Top 5 ទូទាំងប្រទេសសម្រាប់ប្រកួតប្រជែងពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សូមអបអរសាទរសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ជាប់ជាសាលា Top 5 ទូទាំងប្រទេសសម្រាប់ប្រកួតប្រជែងពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ។

នេះជាលើកឡើងរបស់អង្គភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា : គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពជ័យលាភីអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព គំរូចំនួន៥ ក្នុងមួយកម្រិត មានរាយនាមដូចតារាងជូនភ្ជាប់មកជាមួយ ដើម្បីចូលរួមក្នុងការវាយតម្លៃ ដំណាក់ កាលពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយ” ដែលនឹងប្រព្រឹត្តទៅនៅ សាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល តាមកាលបរិច្ឆេទកំណត់ក្នុងតារាងជូនភ្ជាប់មកជាមួយ។

ក្នុងដំណាក់កាលពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយ គ.វ.ជ. តម្រូវឱ្យបេក្ខភាពជ័យលាភី អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូខាងលើ មកធ្វើបទបង្ហាញជូន គ.វ.ជ. និងត្រៀម លក្ខណៈមួយចំនួនដូចខាងក្រោម៖

១. រៀបចំនូវបទបង្ហាញដែលពិពណ៌នាអំពីស្ថានភាពនៃអង្គភាពរបស់ខ្លួនដែលឆ្លុះបញ្ចាំងទៅតាម លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់សាលាបឋមសិក្សា អនុវិទ្យាល័យ និង មណ្ឌលសុខភាពគំរូ ជាឧបសម្ព័ន្ធនៃប្រកាសដូចមានយោងខាងលើ ផ្អែកតាមករណ៏របស់ខ្លួននិង មកធ្វើបទបង្ហាញជូន គ.វ.ជ. ក្នុងរយៈពេល ៣០នាទី និងសំណួរចម្លើយផ្ទាល់មាត់ រយៈពេល ២០នាទី (សរុបរយៈពេល ៥០នាទី ក្នុងមួយបេក្ខភាពអង្គភាព) ។

២. ត្រៀមនិងរៀបចំនូវឯកសារអំណះអំណាងផ្សេងៗដែលចាំបាច់ ដើម្បីយកមកបង្ហាញបញ្ជាក់ បន្ថែមជូនគណៈកម្មការនៅពេលមកធ្វើបទបង្ហាញនៅសាលាភូមិន្ទរដ្ឋបាល ។

៣. ត្រូវមកដល់ទីតាំង និងចុះវត្តមានរបស់ខ្លួនមុនពេលវេលានៃការធ្វើបទបង្ហាញយ៉ាងតិច៣០នាទី។ បេក្ខភាពជ័យលាភីណាដែលមិនបានមកធ្វើបទបង្ហាញជូនគ.វ.ជ. តាមកាលបរិច្ឆេទនិងទីកន្លែង ដែលបានកំណត់ខាងលើ ត្រូវបានចាត់ទុកថាបោះបង់សិទ្ធិក្នុងការប្រឡងប្រជែង។

អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាលនៃគណៈអភិបាល ជ្រាប និងចាត់បេក្ខភាពជ័យលាភីអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូខាងលើ ឱ្យត្រៀមលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និង មកចូលរួមធ្វើបទបង្ហាញជូន គ.វ.ជ. នៅដំណាក់កាលពិនិត្យនិងវាយតម្លៃសម្រេច ចុងក្រោយ តាមពេលវេលានិងទីកន្លែងកំណត់ តាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖