ភ្នំពេញ៖ នាឱកាសដែលវៀតណាមត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរឯកឧត្ដម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍បម្រុង ត្រាន់ វ៉ាន់តឹម ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងបរិយាកាសស្និទ្ធស្នាល ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរជ័យដល់ឯកអគ្គរដ្ឋទូតវៀតណាម ព្រមទាំងមន្ត្រី បុគ្គលិក អនុព័ន្ធយោធាកំពុងបម្រើការនៅកម្ពុជា និងក្រុមគ្រួសារ សូមទទួលបានសេរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿង និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ធ្លាប់ជួយគ្នា និងគោរពគ្នាទៅវិញទៅមក។
ជាការឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណចំពោះប្រតិភូអគ្គបញ្ជាការដ្ឋាន ដែលមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងផ្ដល់កិត្តិយសមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕
ដោយ៖ សិលា