ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលស្វាគមន៍អ្នកដំណើរតាមផ្លូវអាកាសជាង ៥ លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ ពេញ១ឆ្នាំ២០២៣ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងគួរជាទីមោទនដោយមានចំនួនជាង ៥ លាននាក់(ទ្វេទិស) កើនឡើងជាង ១០០ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ អ្នកនៅក្នុងវិស័យនេះ ជឿជាក់ថា កំណើននេះនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ហើយវិស័យទេសចរណ៍កម្ពុជាទាំង មូល នឹងវិលទៅរកស្ថានភាពដូចឆ្នាំ២០១៩វិញផងដែរ។ 

ប្រទេសកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលនាំឲ្យវិស័យទេសចរណ៍ដែលជាវិស័យចម្បងមួយ បានស្ទុះងើប ឡើងវិញគួរឲ្យកត់សម្កាល់។

បើតាមលោកស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា កម្ពុជាទទួល ស្វាគមន៍អ្នកដំណើរជាតិ និងអន្តរជាតិតាមជើងហោះ ហើរចំនួនជាង ៥ លាននាក់(ទ្វេទិស) ក្នុងឆ្នាំ ២០២៣ កើនឡើង១១៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយចំនួនជើងហោះហើរ ក៏កើនឡើង ៧៧ ភាគរយ ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនត្រឹម១ ភាគរយ ប៉ុណ្ណោះ។ 

នៅក្នុងកិច្ចសម្ភាសន៍មួយលោកស៊ីន ចាន់សិរីវត្ថា មាន ប្រសាសន៍ថា ៖ «ជាមធ្យមគឺកំណើននៅក្នុងវិស័យដឹក ជញ្ជូនតាមផ្លូវអាកាស ជាមធ្យម បើយើងគិតក្នុង១ខែ ប្រហែលជា ១០ ភាគរយ បើគិតជាឆ្នាំ ១១៥ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយយើងសម្លឹងមើលឆ្នាំ ២០២៤ ខាងមុខនេះ កំណើននឹងបន្ត ប៉ុន្តែវាអត់លឿនដូចការរំពឹងទុកនោះទេ វាឡើងប៉ុន្តែវាឡើងរៀងយឺត យើងដឹងហើយមានកត្តាខាងក្នុង និងកត្តាខាងក្រៅ ប៉ះពាល់ដល់វិស័យដឹកជញ្ជូនផ្លូវអាកាស»។ 

អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ទទួលបានអ្នក ដំណើរចេញ-ចូលច្រើនជាងគេ សម្រាប់ឆ្នាំ២០២៣ បន្ទាប់មកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោកស៊ីន ចាន់សិរីវត្ថា មានសុទិដ្ឋិនិយមថា ដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និង លើកកម្ពស់វិស័យទេសចរណ៍នឹងនាំឱ្យចំនួនអ្នក ដំណើរតាមផ្លូវ អាកាសរបស់កម្ពុជានឹងបន្តមានវឌ្ឍន ភាពសម្រាប់ឆ្នាំ២០២៤ នេះ។

លោកបញ្ជក់ទៀតថា ៖ «សរុបទៅគឺ យើងនៅតែមានវឌ្ឍនៈភាពអីចឹងគឺថានៅឆ្នាំ២០២៤ មានកំណើន មិនថយទេ ប៉ុន្តែវាអត់លឿនដូចការរំបឹងទុក។ ក្រសួង ទេសចរណ៍ ក៏ដូច ជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគឺយើងបានធ្វើការពន្យាករថា នៅចុងឆ្នាំ២០២៤ ចំនួនទេសចរវាអាចវិលត្រឡប់មកស្មើនឹងចំនួនទេសចរនៅឆ្នាំ២០១៩វិញ»។

វិស័យទេសចរណ៍គឺជាវិស័យមួយសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកម្ពស់ជីវភាពសហគមន៍។ ក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនជាង ៥៤ ម៉ឺននាក់ ស្មើនឹង ១០ ភាគរយ នៃចំនួនភ្ញៀវទេសចអន្តរជាតិជាង ៥,៤ លាននាក់។

បន្ទាប់ពីផ្អាកក្នុងអំឡុងពេលមានវិបត្តិកូវិដ-១៩ សព្វថ្ងៃ មានក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរឡើង វិញជាមួយកម្ពុជា មានចំនួន ៣៤ ក្រុមហ៊ុន ខណៈ ឆ្នាំ ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ប្រតិបតិការជើងហោះហើរនៅកម្ពុជាមានចំនួន ៥០ ក្រុមហ៊ុន៕

ដោយ៖ សូរិយា


ចែករំលែក៖