ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តស្វាយរៀង​ សម្រេច​ចោទប្រកាន់ជនសង្ស័យម្នាក់ ពីបទជួញដូរ ប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធករណីជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជាងមួយគីឡូក្រាម និងប្រើប្រាស់អាវុធខុសច្បាប់ ដែលមានជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦ នាក់។ 

ក្រោយទទួលបានរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ និង សាកសួរចម្លើយជនសង្ស័យ តំណាងអយ្យការបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លើជនសង្ស័យចំនួន ០១ នាក់ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើ ប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌ៦, កថាខណ្ឌ ៧, មាត្រា ៤៥ និងមាត្រា ៤៨ កថាខណ្ឌ៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៨, មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់ គ្រង់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ, ជនសង្ស័យចំនួន ០៤ នាក់ ស្រី ០២នាក់ ពីបទសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៤០, មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ជនសង្ស័យស្រីចំនួន ០១ នាក់ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤៥ និងមាត្រា ៤៨ កថាខណ្ឌ៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, និងបក្សពួកចំនួន ០៥ នាក់ កំពុងរត់គេចខ្លួន ពីបទ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ 

បន្ថែមពីលើនេះ តំណាង​អយ្យការ​ក៏មានការដកហូតនូវវត្ថុតាងរួមមាន៖ សារធាតុញៀនជាប្រភេទមេតំហ្វេតាមីន, កេតាមីន និងអ៊ុចស្តាស៊ីសរុបទម្ងន់ ១០៦៥,៧៥ ក្រាម, កាំភ្លើងខ្លី ០១ ដើម និងទ្រព្យសម្បត្តិមួយចំនួន ។ តំណាងអយ្យការក៏បានបើកការស៊ើបអង្កេត ដើម្បីស្វែងរកទ្រព្យសម្បត្តិដែលសង្ស័យថាជាផលនៃ បទល្មើសខាងលើ តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម៕

ដោយ៖ តារា


ចែករំលែក៖