សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចចុះត្រួតពិនិត្យទៅកាន់មូលដ្ឋានសាងសង់នាវាមួយ ដើម្បីជំរុញ សមត្ថភាពកងទ័ពជើងទឹករបស់លោក ខណៈទីក្រុងព្យុងយ៉ាងកំពុងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនាវាចម្បាំងនៅឯមូលដ្ឋានសាងសង់នាវា Nampho ជាមួយការសង្កត់ធ្ងន់ដូច្នេះថា «ការពង្រឹងសមត្ថភាពកងទ័ពជើងទឹកជារឿងសំខាន់បំផុត ដើម្បីការពារអធិបតេយ្យដែនសមុទ្ររបស់កូរ៉េខាងជើង និងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម»។ លោក គីម ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកម្មករនៅឯមូលដ្ឋានសាងសង់នាវា Nampho នឹងទទួលបានជោគជ័យក្នុងការផលិតនាវាចម្បាំងលំដាប់ពិភពលោក នៅពេលអនាគត។
KCNA ក្នុងសេចក្ដីរាយការណ៍នៅថ្ងៃសុក្រនេះ បានឱ្យដឹងទៀតថា អំឡុងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានសាងសង់នាវា Nampho ស្ថិតនៅចម្ងាយ ៦៥គីឡូម៉ែត្រពីភាគនិរតីទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលនាវាចម្បាំងជាច្រើនប្រភេទ ដែលកំពុងស្ថិតនៅក្រោម ការសាងសង់។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ជុងអ៊ុន រួមជាមួយ មីស៊ីលល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលបាលិស្ទីគអន្តរទ្វីបប្រើឥន្ធនៈរឹង ដែលលោកផ្ទាល់បានប្រកាសអំឡុង សមាជគណបក្សពលករកាលពីឆ្នាំ២០២១៕ ដោយ៖ ធីរីណា

រូបថត៖ YONHAP NEWS
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច