ភ្នំពេញ ៖ នាថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ គឺ គម្រប់ ១៥ឆ្នាំគត់ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ដំណើរការចេញផ្សាយ កាសែត ទស្សនាវដ្តី គេហទំព័រ នគរវត្ត គេហទំព័រ នគរដ្រេហ្គន របស់ខ្លួន និងបន្តការលើការផ្សព្វផ្សាយ ប្រកួតប្រណាំងប្រជែងពាណិជ្ជកម្ម ប្រកបដោយភាពស្មោះត្រង់ គោរពតាមច្បាប់ លើវិស័យព័ត៌មាន ។
សូមបញ្ជាក់ថា ៖ ខួបគម្រប់ ១៥ឆ្នាំ ដំណើរការចេញផ្សាយ កាសែត ទស្សនាវដ្តី គេហទំព័រ នគរវត្ត គេហទំព័រ នគរដ្រេហ្គន នៃមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានប្រារព្វធ្វើឡើងនៅ អគារលេខ ១១១ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អញ្ជើញជាអធិបតី ពី លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» អគ្គនាយិការង ឯកឧត្តមៗ ទីប្រឹក្សាជាន់ខ្ពស់ និពន្ធនាយក និពន្ធនាយករង ថ្នាក់ដឹកនាំគ្រប់ផ្នែកជំនាញ បុគ្គលិក សហការីទាំងអស់ និងមានការអញ្ជើញចូលពីភ្ញៀវកិត្តិយស និងដៃគូក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម មាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាល មនោសញ្ចេតនាដ៏យូរអង្វែង ។
ក្នុងឱកាសនេះ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានធ្វើការរម្លឹកណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រប់ផ្នែក និងសហការីទាំងអស់ យ៉ាងដូច្នេះថា ៖ ក្នុងនាមយើងជាអ្នកសារព័ត៌មាន ដែលបាន នឹងបំពេញតូនាទីយ៉ាងសំខាន់ចំពោះប្រពន្ធ័ផ្សព្វផ្សាយ ត្រូវប្រកាន់ជំហរនាំយកនូវព័ត៌មានពិត និងការពិត សិក្សាគ្រប់ជ្រុងជ្រោយ ប្រមូល វិភាគ ធ្វើការសន្និដ្ឋានឱ្យមានមូលដ្ឋានច្បាស់លាស់ ដើម្បីជួយដល់សង្គម តាមរយៈការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់។
លោកស្រីបន្ត ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗដែលកើតមានឡើងជា យថាហេតុ នៅក្នុងការអនុវត្តន៍ តួនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។
លោកស្រីបញ្ជាក់ថា ៖ ក្រសួងព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់ ។
ក្នុងនោះក្រសួងព័ត៌មាន ក៏បានធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។
លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានគូសបញ្ជាក់ពី ការងារសន្តិសុខព័ត៌មាន ដែលសំដៅទៅលើការធានាអោយបាននូវការទទួលព័ត៌មានរបស់សាធារណជន ខ្លឹមសារដែលមានគុណភាព មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ លោកស្រីផ្តាំផ្ញើអោយ បុគ្គលិកយើង ជាអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់ ។
ក្រោយមកថ្នាក់ដឹកនាំ បុគ្គលិក សហការី និងភ្ញៀវកិត្តិយស និងដៃគូក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម មាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទទួលទានអាហារ ជាមួយតន្ត្រីច្រៀងកំដរ រាំលេងសប្បាយ ទទួលបាននូវសុខភាពផ្លូវចិត្តគ្រប់ៗគ្នា ៕
ដោយ ៖ សុខ ខេមរា