កូរ៉េខាងជើងបានបង្កើតសមត្ថភាពសព្វាវុធ ខណៈដែលពិភពលោកកំពុងប្រឈមមុខតានតឹងនៅតំបន់ជាច្រើន ។ កាលពីថ្ងៃទី 2 ខែកុម្ភៈ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួច Cruise ជាច្រើន នេះជាការបាញ់បង្ហោះកាំជ្រួចលើកទី៤នៅឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល Cruise យុទ្ធសាស្ត្រ Hwasal-2 នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស។
JCS បានរកឃើញការបាញ់បង្ហោះនៅម៉ោងប្រហែល 11:00 (ម៉ោងក្នុងតំបន់) ពី West Coast ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនមីស៊ីលដែលបានបាញ់នៅក្នុងពេលនេះឡើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន JCS បានបញ្ជាក់ថា យោធាកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីតាមដានស្ថានការណ៍។
ការបាញ់បង្ហោះចុងក្រោយនេះ ធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួច Cruise Strategic Hwasal-2។ កន្លងមក កាលពីថ្ងៃទី២៤ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច Pulhwasal-3-31 ជាច្រើនគ្រាប់ជាលើកដំបូង។ បន្ទាប់មកនៅថ្ងៃទី 25 ខែមករា ប្រទេសនេះបានសាកល្បងកាំជ្រួច Cruise ដែលបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រខាងកើត ហើយបានប្រកាសថាវាជាមីស៊ីល Pulhwasal-3-31។
អ្នកជំនាញនិយាយថា កាំជ្រួចមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកពិបាកនឹងរកឃើញនិងបាញ់ទម្លាក់ ហើយមានសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់៕ ដោយ៖ ធីរីណា
រូបថត៖ KCNA