ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានចេញអនុក្រឹត្យស្តីពី “ការកែសម្រួលសាលាវិស្វកម្មតេជោ ទៅជាវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ ដាក់ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពី “ការកែសម្រួលសាលាវិស្វកម្មតេជោ ទៅជាវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ ដាក់ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ” ក្នុងនោះសម្រេច ៖ ត្រូវបានកែសម្រួលសាលាវិស្វកម្មតេជោ ទៅជាវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរ ភូមិន្ទ ដាក់ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន។

វិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ មានតួនាទីជាសេនាធិការជូនមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន លើគ្រប់ជំនាញវិស្វកម្មសម្រាប់ការបណ្តុះបណ្តាលប្រកបដោយគុណធម៌ សមត្ថភាព វិជ្ជាជីវៈ និងមានចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងមានភារកិច្ចដូចខាងក្រោម៖

– ដឹកនាំបញ្ជា កសាងពង្រឹងវិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធពលខេមរភូមិន្ទ ឱ្យបានរឹងមាំលើគ្រប់វិស័យ ធានាដល់ការគ្រប់គ្រង បណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញវិស្វកម្ម

– កសាង អភិវឌ្ឍសមត្ថភាពយោធាចារ្យគ្រប់មុខវិជ្ជា កសាងបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធសំណង់ សិក្សា ស្រាវជ្រាវ ពិសោធវិទ្យាសាស្ត្រពាក់ព័ន្ធនឹងជំនាញវិស្វកម្ម ចងក្រងជាឯកសារសម្រាប់បណ្តុះបណ្តាល ធនធានមនុស្សឱ្យមានគុណភាព សមត្ថភាព វិជ្ជាជីវៈ ធានាឆ្លើយតបបាននូវសំណូមពរកសាង់កម្លាំង និង សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ 

– បណ្តុះបណ្តាលនាយទាហាន នាយទាហានរង ថ្នាក់បញ្ជាការ

-សេនាធិការវិស្វកម្ម ឬកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតជំនាញឯកទេសវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ

– គ្រប់គ្រងសិក្ខាកាមទាំងការសិក្សារៀនសូត្រ និងការរស់នៅប្រកបដោយគុណធម៌ វិន័យ សីលធម៌ សាមគ្គីភាព និងមានកាយសម្បទាមាំមួន

– ដឹកនាំការងារចិញ្ចឹមទ័ព ការស្នាក់នៅ ហូបចុក ប្រកបដោយអនាម័យ និងរស់នៅមានផាសុកភាព និង បរិស្ថានល្អ។

តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងក្របខ័ណ្ឌចាត់តាំងលម្អិតរបស់វិទ្យាស្ថានវិស្វកម្មមរតកតេជោកងយោធ- ពលខេមរភូមិន្ទ អាស្រ័យដោយក្រសួងការពារជាតិកំណត់។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖