ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ លោកឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ ជូនដល់និស្សិតនៅវិទ្យាស្ថាន CamEd Business School។
ក្នុងអង្គពិធីនេះមានការចូលរួមពីនិស្សិតជាតិអន្តរជាតិនៅក្នុងវិទ្យាស្ថាន ព្រមទាំងនាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីវិស័យផលិតកម្មនិងសេវាកម្មមួយចំនួនផងដែរ។
នាឱកាសផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់មួយចំនួន ដែលជាតម្រូវការសម្រាប់ជំរុញកំណើនវិនិយោគនៅក្នុងប្រទេស រួមមាន ច្បាប់និងបទដ្ឋានគតិយុត្ត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងកត្តាតម្រូវការធនធានមនុស្សផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់វិនិយោគ តាំងពីឆ្នាំ១៩៩៤ ដែលពេលនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានរួមចំណែកចងក្រងច្បាប់វិនិយោគនេះផងដែរ។ ច្បាប់វិនិយោគកម្ពុជាមានភាពបើកចំហរ “Liberal Investment law” ទទួលការវិនិយោគលើគ្រប់វិស័យពីវិនិយោគិនគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងមានការលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យសក្ដានុពលមួយចំនួនផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់កិច្ចការងារវិនិយោគរបស់វិនិយោគិន សម្រួលការងារភស្ដុភារកម្ម និងដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក។ គម្រោងសំខាន់ៗដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនមានដូចជាគម្រោងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងដូចជាគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោង គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី និងគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រនានាសំដៅបង្កើនធនធានមនុស្ស ក្នុងនោះមានជាអាថិ៍ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅចំនួន ១,៥លាននាក់ជាដើម។ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការកែប្រែកម្ពុជាពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម បន្តក្លាយទៅជាប្រទេសប្រើប្រាស់កម្លាំងពលកម្មកម្រិតទាប រហូតដល់ការប្រើប្រាស់ជំនាញបច្ចេកទេស៕
ដោយ ៖ សិលា