ខេត្តក្រចេះ ៖ ស្ថានីយទឹកល្អទី២ ដែលអង្គការហ្គូដណេ ប៊ឺសកម្ពុជា ហៅកាត់(GNC) បានកសាងឡើងសម្រាប់សហគមន៍ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយទឹកល្អសហគមន៍ស្រែចារ ស្ថិតក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នូល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះ,លោក ចាង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺស ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោក ចាង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា មានប្រសាសន៍ថា ស្ថានីយ៍ទឹកល្អស្រែចារនឹងចែកចាយទឹកស្អាត ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ជីវិត ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍រហូតដល់ផ្ទះ និងសាលារៀន ដើម្បីឲ្យគ្រប់គ្នាអាចរក្សាបានសុខភាពល្អ និងនិរន្តរភាព ជាឱកាសពិសេសសម្រាប់សហគមន៍ បានជួយដល់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កង្វះលទ្ធភាពទទួលបាន ការអប់រំល្អ ក្នុងស្ថានភាពរស់នៅដែលរំខាន ដល់បញ្ហាសុខភាពចាប់តាំងពីឆ្នាំ 2016។ ស្ថានីយទឹកល្អនេះ ជាស្ថានីយទី២ ដែលអង្គការGNC បានកសាងឡើងសម្រាប់សហគមន៍ ដែលទី១នៅក្នុងបរិវេណសាលាឃុំឃ្សឹម ហើយកំពុងដំណើរការយ៉ាងល្អទៀតផង ។
លោក សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះ មាន ប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកស្ទួយ អាទិភាពគន្លឹះចំនួន ៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ថ្ងៃនេះ នៅពេលនេះ យើងទាំងអស់គ្នាកំពុងតែធ្វើឲ្យ ប្រសើរឡើងនូវអាទិភាពគន្លឹះចំនួនពីរ គឺ ទឹក និងបច្ចេកវិទ្យា គ្រប់គ្នាសុទ្ធតែដឹងស្រាប់ហើយ ទឹកមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា មិនថាទឹកសម្រាប់ប្រើប្រាស់ទូទៅ ឬទឹកសម្រាប់ផឹកនោះទេ មនុស្សម្នាក់អាចអត់អាហារបាន ប៉ុន្តែមិនអាច អត់ទឹកផឹករយៈពេលយូរបានឡើយ ។
លោក បន្តថា នៅទីនេះជាតំបន់ចុងកាត់មាត់ញក ដាច់ ស្រយាលពីទីប្រជុំជនខ្លាំងដោយសារខ្វះខាតហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តដូចផ្លូវ បណ្តាញអគ្គិសនី ជាដើម ហើយប្រជាពលរដ្ឋមួយចំនួនធំ ស្ទើរតែគ្មាន ទឹកស្អាតប្រើប្រាស់និយាយជារួម និងសូម្បីតែទឹកស្អាតសម្រាប់ផឹកនិយាយដោយឡែក។ ប៉ុន្តែថ្ងៃនេះពេលនេះភូមិស្អាតបានប្រែមុខមាត់ថ្មី ដោយសារសមិទ្ធិផលថ្មីៗបានបន្តលេចឡើង តួយ៉ាងការដាក់ឲ្យប្រើប្រាស់ស្ថានីយទឹកល្អសហគមន៍ស្រែចារ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាចម្រោះទឹកប្រកបដោយគុណភាពខ្ពស់ ដែលនឹងផលិតបានទឹកសុវត្ថិភាព សម្រាប់ផឹកតែម្តងហើយប្រជាពលរដ្ឋ ពុំចាំ បាច់ត្រូវបន្សុទ្ធទឹកសម្រាប់ផឹកតាមវិធីសាស្រ្តប្រពៃណីទៀតឡើយ។
លោកអភិបាលរងខេត្ត ក៏បានស្នើសុំឲ្យបងប្អូននៅទីនេះ ដែលនឹងក្លាយម្ចាស់ ដែលត្រូវគ្រប់គ្រងស្ថានីយទឹកល្អនេះដោយខ្លួនឯង ហើយត្រូវធ្វើឲ្យដំណើរប្រកដោយ ការទទួលខុសត្រូវ និងថែរក្សាអោយមាននិរន្តរភាព សម្រាប់ទុក្ខជាផលប្រយោជន៏រួមក្នុងសហគមន៍ ៕
ដោយ៖ សូរិយា