ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទបាយ័ន ជាស្ថាបត្យកម្មសំណង់ដ៏ប៉ិនប្រសប់នៃអាណាចក្រខ្មែរ ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ – អន្តរជាតិ

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រាសាទបាយ័ន ជាស្ថាបត្យកម្មសំណង់ដ៏ប៉ិនប្រសប់នៃអាណាចក្រខ្មែរ ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ – អន្តរជាតិ ដែលត្រូវតែទៅទស្សនា ពេលបានមកដល់ខេត្តសៀមរាប។

ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ ហើយក៏ត្រូវបានសម្គាល់ដោយប៉មថ្មដ៏ខ្ពស់ជាច្រើន ដែលប៉មនីមួយៗមានធ្លាក់នូវរូបព្រហ្មមុខបួន មានទឹកមុខញញឹម ស្ងប់ស្ងាត់ និងអាថ៌កំបាំង។ ចម្លាក់ជាច្រើននៅលើជញ្ជាំងពណ៌នាអំពីជីវិតប្រចាំថ្ងៃ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងរឿងទេវកថា ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ នៃបេតិកភណ្ឌវប្បធម៌ និងសាសនារបស់អាណាចក្រខ្មែរ។

ទិដ្ឋភាពទូទៅ ៖ ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិ៍សត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ ៕

ដោយ ៖ សិលា


ចែករំលែក៖