ខេត្តសៀមរាប៖ បើយោងតាមប្រភពព័ត៍មានពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គឺចាប់ពីថ្ងៃ ០៩-១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់។
មន្ទីរព័ត៌មានខេត្ត បានបញ្ជាក់បន្ថែមថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃនេះ មានចំនួនប្រមាណ ១១៧,៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់។
របាយការណ៍បានបង្ហាញទៀតថា ទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។
ចំណែកភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់។
ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ៕
ដោយ៖ តារា