ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញពងអណ្តើកហ្លួងសរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មក ទល់បច្ចុប្បន្ននេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬសរសៃនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វ ព្រៃ(WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០ សំបុក មានពងសរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ 

យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ។ នេះគឺជាឆ្នាំទី៤ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅ ក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ ក្រុមការងាររំពឹងថានឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥នេះដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួ យ៉ាងអណ្ដើកហ្លួងចំនួន២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន ១១៨ក្បាលផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។

តើអ្នកដឹងទេថា សត្វអណ្ដើកហ្លួងឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង២៥ ប្រភេទលើសកលលោកដែលកំពុងប្រឈមនឹងការផុត ពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០៥។ 

សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់រួមមាន Mandai Nature, the Alan & Patricia Koval Foundation, Rain Forest Trust, and the Turtle Survival Alliance សម្រាប់ការគាំទ្រលើសកម្មភាពអភិរក្សសត្វអណ្ដើកហ្លួងនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖