ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីនៃការកែទម្រង់ គឺត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចំពោះកិច្ចការកែទម្រង់ដែលជោគជ័យ គឺត្រូវផ្អែកលើ កត្តាសំខាន់បួន រួមមាន៖ 

-១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ។

-២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ។

-៣- ត្រូវមានការចូលរួមដោយស្មោះត្រង់។-និង ៤-ត្រូវមានការលះបង់ក្នុងការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការកែទម្រង់មុតស្រួច ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរីកចម្រើនថែមទៀត ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្តាំផ្ញើ និងជំរុញជាថ្មីម្តងទៀតឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី៤»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថាដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់ មេរៀន បទពិសោធន៍ល្អ ព្រមទាំងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះឧបសគ្គផងទាំងពួងប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដារ និងឧត្តមមានុវត្តន៍អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណេត ក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ការអនុវត្តនីតិវិធីចំណាយចរន្តទាំងស្រុង ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៤៤បន្ថែមទៀត។ កិច្ចការងារនេះជាជោគជ័យដ៏សំខាន់មួយទៀត របស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕

ដោយ ៖ សិលា


ចែករំលែក៖