ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុកនៅចំណុចភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍គ្រោះថ្នាក់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៦និង៣៥នាទីព្រលប់ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩។
សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញ ម៉ូតូ មួយគ្រឿង ម៉ាកHONDA WAVE 110CC ពណ៌ខៀវ គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(ចុះរត់គេច) ។
បើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូមួយគ្រឿង ម៉ាកHONDA SCOOPY 110CC ពណ៌ស ស៊េរី២០២២ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះឆេង ថេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។
សមត្ថកិច្ចបានបន្តទៀតថា ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែង ព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំង២គ្រឿងខាងលើ ជំនាញបានចុះពិនិត្យ វាស់វែង រួចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា