ព័ត៌មានទាន់ហេតុការណ៍៖

ទំនើបកម្ម នៃបន្ទប់ថតឆ្លុះសរសៃឈាម នៃដេប៉ាតឺម៉ង់បេះដូង មន្ទីរពេទ្យកាល់ម៉ែត!

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការវិវត្តន៍យ៉ាងខ្លាំងនូវបច្ចេកវិទ្យាថ្មីទំនើប ដើម្បីជួយបញ្ជាក់បន្ថែម កាន់តែច្បាស់នូវកំរិត ភាពត្បៀតរបស់សរសៃឈាមបេះដូង  និងសរសៃឈាមផ្សេងៗ មុននឹងធ្វើការសំរេចចិត្តពង្រីក សរសៃឈាម ដោយសារបាឡុង (Balloon Angioplasty) និងរឺស័រ (Stent) 

ថ្មីៗនេះ មន្ទីរពេទ្យកាល់ម៉ែត បានបំពាក់នូវម៉ាស៊ីនអេកូសាស្រ្ដក្នុងសរសៃឈាម (IntraVascular UltraSound) ហៅកាត់ថា IVUS និងម៉ាស៊ីនដើម្បី វាស់សំពាធក្នុងសរសៃឈាមបេះដូង  (Fractional Flow Reserve) ហៅកាត់ថា FFR

គុណសម្បត្តិរបស់ IVUS ក្នុងការថតឆ្លុះសរសៃឈាមបេះដូងមានដូចជា ៖

   – អាចកំណត់បាននូវទីតាំងច្បាស់ នៃការត្បៀតសរសៃឈាមបេះដូង 

   – អាចកំណត់នូវ ទំហំ និងកំរាស់នៃការត្បៀតដោយកំណកខ្លាញ់នៅចន្លោះស្រទាប់សរសៃឈាមបេះដូង អោយកាន់តែច្បាស់លាស់មុនឈានដល់ការពង្រីក

   – អាចវាយតម្លៃពីកំរិតភាពក្រិន នៅផ្នែកខាងក្នុងនៃសរសៃឈាមបេះដូង 

   – អាចធ្វើការប្រៀបធៀប ទំហំមុន និងក្រោយដាក់រឺស័រ

   – អាចវាយតំលៃរកមូលហេតុនៃការស្ទះរឺស័រឡើងវិញ

   – និងមានមុខងារផ្សេងៗទៀត  

គុណសម្បត្តិរបស់ FFR (Fractional Flow Reserve) អាចកំណត់ពីកំរិតនៃការត្បៀតដែលអាចប៉ះពាល់ដល់លំហូរឈាមដែលទៅចិញ្ចឹមកោសិកាសាច់ដុំបេះដូង តាមរយៈការវាស់សម្ពាធឈាមផ្ទាល់ក្នុងសរសៃឈាមបេះដូង។

   – ប្រសិនបើ FFR < 0.80 បញ្ជាក់ថាកំរិតនៃការស្ទះនោះមិនអាចបញ្ជូនឈាមគ្រប់គ្រាន់ទៅចិញ្ចឹម កោសិកាសាច់ដុំបេះដូង ដែលតម្រូវធ្វើការព្យាបាលដោយការពង្រីក។

   – ប្រសិនបើ FFR > 0.80 បញ្ជាក់ថាកំរិតនៃការស្ទះនោះនៅតែអាចបានបញ្ជូនឈាមគ្រប់គ្រាន់ទៅចិញ្ចឹមកោសិកាសាច់ដុំបេះដូង ដែលតម្រូវមិនធ្វើការព្យាបាលដោយការពង្រីកទេ។

   – ការសិក្សា FFR នេះបានផ្ដល់នៅអត្ថប្រយោជន៍ដល់អ្នកជំងឺ ព្រមទាំងភាពច្បាស់លាស់ និងទំនុកចិត្តនៃការវាយតម្លៃមុននឹងការព្យាបាលដោយពង្រីក។

បើសិនបងប្អូនមានអាការៈដូចជាចុកញ័រ ថប់ដើមទ្រូងខុសប្រក្រតី ឬហត់ សូមមេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសបេះដូង នៃដេប៉ាតឺម៉ង់ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖