ភ្នំពេញ ៖ ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅពេលប្រទេសជាតិមានសុខសន្តិភាព យើងឈប់យកលុយទៅទិញអាវុធបាញ់គ្នា ហើយយើងបង្វែរថវិកាទៅវិនិយោគលើវិស័យធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយដីចម្ការមីនឱ្យទៅជាដីសម្រាប់ធ្វើកសិកម្ម។ ស្ពានដែលធ្លាប់ដាច់ដោយសារសង្រ្គាម ត្រូវបានកសាងតភ្ជាប់ឡើងវិញ និងពង្រីកបន្ថែម។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពីប្រទេសកម្ពុជាបញ្ចប់សង្រ្គាម មានសន្តិភាពពេញលេញ បានបង្កឱកាសឱ្យយើងរត់តាមប្រទេសនានានៅលើពិភពលោកទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលមិនចេះតែនិយាយ អំពីកិច្ចការងារអ្វីមួយនោះទេ ប៉ុន្ដែបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់ហើយទើបចាប់ផ្ដើមអនុវត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ អប់រំ គឺដើម្បីចេះដឹង អប់រំ គឺដើម្បីចេះធ្វើ អប់រំ គឺដើម្បីក្លាយជាពលរដ្ឋល្អ និងអប់រំ គឺដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរមនា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ៖ អាណត្តិទី៧នេះ ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា