ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់គាស់បន្ទប់ខុនដូរ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣នឹង៤៥នាទីរសៀល នៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្ម ទណ្ឌ កម្រិត ស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ)។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ បានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖