ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើបដិវត្តកម្មសេដ្ឋកិច្ច ដោយឈរលើចក្ខុវិស័យការកសាងរដ្ឋាភិបាល និងសង្គមឌីជីល។
-សម្ដេចធិបតី ថ្លែងណែនាំទៅដល់និស្សិតកម្ពុជាថា ការកំណត់ភាពម្ចាស់ការលើខ្លួនឯង ជាចំណុចដ៏សំខាន់ក្នុងការឈានទៅការបង្កើន និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។
-សម្ដេចធិបតី ថ្លែងថា ធនធានមនុស្សរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺមានសមត្ថភាពខ្លាំងអាចប្រកួតប្រជែងជាមួយធនធានប្រទេសដទៃ ឱ្យតែមានការផ្ដល់ឱកាស។
-សម្ដេចធិបតី ថ្លែងថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការលើខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេ ដែលត្រូវយកចិត្តទុកដាក់ពង្រឹងធនធានមនុស្ស។
-សម្ដេចធិបតី បានបញ្ជាក់ថា៖ «ការកសាងធនធានមនុស្ស គឺត្រូវគិតឱ្យធំ គិតឱ្យឆ្ងាយ ដើម្បីដើរឱ្យទាន់គេ»។
-សម្ដេចធិបតី ថ្លែងថា អប់រំ គឺដើម្បីចេះដឹង អប់រំ គឺដើម្បីចេះធ្វើ អប់រំ គឺដើម្បីក្លាយជាពលរដ្ឋល្អ និងអប់រំ គឺដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរមនា។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនចេះតែនិយាយ អំពីកិច្ចការងារអ្វីមួយនោះទេ ប៉ុន្ដែបានដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរជាមុន ហើយដើរតាមផែនការ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ហើយទើបចាប់ផ្ដើមអនុវត្ត។
-សម្ដេចធិបតី ណែនាំឱ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ រៀបចំយន្តការធ្វើបដិវត្តកម្មឌីជីថល ដើម្បីឈានទៅគ្របដណ្ដប់ក្របខ័ណ្ឌរដ្ឋាភិបាលបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ គ្រប់ស្ថាប័នទាំងអស់ ត្រូវពង្រឹងសមត្ថភាពធនធានមនសុ្សលើជំនាញឌីជីថល។
-សម្ដេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
-សម្ដេចធិបតី ថ្លែងថា អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។
សូមជម្រាបជូនថា សាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជាយ៉ាងសកម្ម ដោយចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សរុបនិស្សិតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួន ៦១,៥៥៨នាក់ នារី ២៨,៤៩៧នាក់ ស្មើនឹង ៤៦.៣ភាគរយ។
បច្ចុប្បន្ន អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និង កិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យកំពុងទទួលការបណ្តុះបណ្តាលនិស្សិត សរុបចំនួន ១៣,១៤៧ នាក់ នារី ៨,៣១៩នាក់ ស្មើនឹង ៦៣.៣ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣កម្រិត ក្នុងនោះថ្នាក់បរិញ្ញាបត្រ ចំនួន ១១,៨៨៣នាក់ នារី ៧,៧៨៩នាក់ ស្មើនឹង ៦៥.៥ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,២៣៥នាក់ នារី ៥២៤នាក់ ស្មើនឹង ៤២.៤ ភាគរយ និងថ្នាក់បណ្ឌិត ចំនួន២៩នាក់ នារី ៦នាក់ ស្មើនឹង ២០.៦ភាគរយ៕
ដោយ៖ ស តារា