ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនបុកទម្លុះចូលទ្វារផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿន មិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះប្រពលរដ្ឋ រងការខូចខាតទ្វារនិងសម្ភារៈមួយចំនួននៅក្នុងផ្ទះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៤ លើផ្លូវលេខ១៩៨០កែងផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកtoyota prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BX-3920 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨០ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបី ក៏បួងចង្កូតបត់តែមិនផុតក៏ជ្រុលចង្កូតទៅបុកទម្លុះ ចូលផ្ទះប្រពលរដ្ឋលក់គ្រឿងភេសជ្ជៈបណ្ដាលឲ្យខូចខាតថូផ្កានិងទ្វាររួត រួមទាំងទ្វារកញ្ចក់និងសម្ភារៈលក់ដូរក្នុងផ្ទះមួយចំនួន ។ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុករងចាំឲ្យភាគីម្ចាស់រថយន្តដោះស្រាយ ជាមួយនឹងម្ចាស់ផ្ទះនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖