ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Bayern Munich ថ្កោលទោស​ការ​រើសអើង​ជាតិ​សាសន៍​លើ​ខ្សែ​ការពារDayot Upamecano ​បន្ទាប់​ពី​ចាញ់ Lazio

ចែករំលែក៖

ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានថ្កោលទោសចំពោះការរំលោភបំពានការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Dayot Upamecano បន្ទាប់ពីពួកគេចាញ់ ១–០ ដោយក្រុម Lazio ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃ១៤ កុម្ភៈ។

Upamecano វ័យ២៥ឆ្នាំត្រូវបានបណ្តេញចេញនៅនាទីទី៦៧បន្ទាប់ពីផ្តល់បាល់ប៉េណាល់ទីដែល Ciro Immobile ស៊ុតបញ្ចូលទីសម្រាប់ការឈ្នះ។

សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X បានឲ្យដឹងថា “ក្លិប FC Bayern ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបញ្ចេញមតិរើសអើងជាតិសាសន៍ដែលត្រូវបានតម្រង់ទៅរក Dayot Upamecano នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នក​ណា​ដែល​បញ្ចេញ​យោបល់​ពាក្យ​ស្អប់​បែប​នេះ គឺ​មិន​មែន​ជា​អ្នក​គាំទ្រ​ក្លិប​យើង​ទេ”។

ការទទួលបានកាតក្រហមមានន័យថា Upamecano នឹងខកខានការប្រកួតជើងទីពីរនៅទីក្រុង Munich នៅថ្ងៃទី៥ ខែមីនា។ Bayern បានបរាជ័យក្នុងការស៊ុតចំគោលដៅក្នុងការប្រកួតជើងទី១ដោយការបរាជ័យនេះបានបង្កើនសម្ពាធលើអ្នកចាត់ការលោក Thomas Tuchel។

ក្រុម Bayern Munich បានចាញ់ក្រុម Bayer Leverkusen ៣–០ ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើក្រុមរបស់លោក Xabi Alonso ដាច់ចំនួន៥ពិន្ទុលើក្នុងចំណាត់ថ្នាក់លេខ២ ហើយបានធ្លាក់ចេញពីពានរង្វាន់ German Cup រួចហើយ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖