ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនចំពោះករណីឈ្មោះ នួន រស្មី ភេទ ប្រុស បានប្តឹងចោទប្រកាន់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ពីបទចាប់ ឃុំ ឃាំង និងបង្ឃាំង ដោយខុសច្បាប់ បទ សម្លុត កុំឲ្យដាក់ពាក្យបណ្តឹង និងបទប៉ះពាល់ដល់សេរីភាពបុគ្គល កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយឡែកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ ឈ្មោះ នួន រស្មី បានមកដកពាក្យបណ្តឹងពីអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដោយសុំធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការវិញ។
ចំពោះករណីនេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី មានករណីឆក់កាបូប (បណ្ដាលឱ្យឲ្យជនរងគ្រោះ ដួល ម៉ូតូ បោក ក្បាល រង របួស សន្លប់បាត់ស្មារតី ហើយស្លាប់ ពេលសង្គ្រោះនៅមន្ទីរពេទ្យ) នៅចំណុចផ្លូវជាតិលេខ ៦ ក្រុម២ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ បន្ទាប់ពីកើតហេតុ និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះពិនិត្យស្រាវជ្រាវនៅកន្លែងកើតហេតុ ហើយក៏កំណត់បានមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ពីបទឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កន្លងមក។
រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងជំនាញ ដឹកនាំដោយលោក វរសេនីយ៍ទោ ឈាង សូសាម៉ឺឌី ចុះទៅនាំខ្លួនមុខសញ្ញាសង្ស័យឈ្មោះ នួន រស្មី និងមនុស្សចំនួន០៣នាក់ យកមកធ្វើការសាកសួរ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីធ្វើការសាកសួរមនុស្សចំនួន០៣នាក់រួច ដោយមិនមានការពាក់ព័ន្ធ ក៏អនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្នានវិញ ដោយឡែកឈ្មោះ នួន រស្មី កម្លាំងជំនាញសុំអនុញ្ញាតពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង និងលោកព្រះរាជអាជ្ញាររង សេង ហៀង ឃាត់ទុកមួយយប់សិន រង់ចាំព្រឹកស្អែកចាំធ្វើការសាកសួរ ដោយសារយប់ជ្រៅពេក មិនអាចសួរនាំបាន។លុះព្រឹកឡើងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការសាកសួរឈ្មោះ នួន រស្មី បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច គឺកន្លងមកខ្លួនបានធ្លាប់ត្រូវបានមិត្តភក្តិខ្ចីម៉ូតូទៅធ្វើសកម្មភាពអំពើឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានធ្លាប់ជាប់ពន្ធនាគារ។ ចំណែកករណីអំពើឆក់ខាងលើក្នុងខណ្ឌជ្រោយចង្វា សមត្ថកិច្ចសួរនាំឈ្មោះ នួន រស្មី មិនមានការពាក់ព័ន្ធ ក៏សុំគោលការណ៍ពីឯកឧត្តមស្នងការ លោកស្នងការរងទទួលផែន និងលោកព្រះរាជអាជ្ញាររង សេង ហៀង អនុញ្ញាតឱ្យឈ្មោះ នួន រស្មី ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានឪពុកជាអ្នកធានា។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមន្ត្រីពាក់ព័ន្ធ សូមធ្វើការបដិសេធ មិនបានប្រើអំពើ ហិង្សា លើឈ្មោះ នួន រស្មី អំឡុងពេលឃាត់ខ្លួនសាកសួរ និងមិនបានបង្ខំឱ្យដកពាក្យបណ្តឹងនោះដែរ និងនៅពេលសាកសួរគឺសមត្ថកិច្ចសួរនាំតាមជំនាញធម្មតាភ្ជាប់ជាមួយរូបភាពវិដេអូជាភស្តុតាង៕
ដោយ៖ អរុណរះ