ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ “កម្ពុជាទំព័រថ្មី | ឱកាសធុរកិច្ច និងការវិនិយោគ”

ចែករំលែក៖

ទីក្រុង​បាងកក៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ​បានធ្វេី​ឡើង​កាលពីរសៀលម្សិលមិញនេះ​ មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក, តំណាងអង្គការអន្តរជាតិ, តំណាងក្រសួងស្ថាប័ន, និងវិស័យឯកជនសរុបប្រមាណ ២៣០រូប។

ក្នុងឱកាសថ្លែងបទបង្ហាញ លោក​ សួន​ សុផល​ បានគូសរំលេចអំពីបរិយាកាសវិនិយោគដែលមានស្ថិរភាព និងភាពទាក់ទាញ, របបវិនិយោគដែលមានបច្ចុប្បន្នភាព និងមានទំនោរជ្រោមជ្រែងការរីកធំធាត់របស់វិស័យឯកជន, យន្តការផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសម្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។

គួរបញ្ជាក់ជូនផងដែរថា ប្រធានបទចំនួន ៤ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖

ទី១៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី២៖ «ឱកាសធុរកិច្ចនៅកម្ពុជា» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ទី៣៖ «ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា?» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស​ លោក សួន សុផល អគ្គលេខាធិការរង គ.វ.ក.។

ទី៤៖ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកស្រី​ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ៕

ដោយ៖ តារា


ចែករំលែក៖