ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយច្បាស់លាស់ រាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តបញ្ចកោណ រហូតមកដល់យុទ្ធបញ្ចកោណដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ទៅលើការថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយទាំងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង៤០ឆ្នាំមកនេះ គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគុណសម្បត្តិនៃផ្លូវថ្នល់ដោយថាក្នុងអាណត្តិនេះនឹងតទៅមុខទៀតផ្លូវគឺជាអាទិភាពទី២ បន្ទាប់ពីមនុស្ស។ សម្ដេចបានលើកឡើងថាសមិទ្ធផលទាំងនេះគឺកើតឡើងពីសុខសន្តិភាពដែលរកបានដោយលំបាក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវគឺជាសរសៃឈាមដែលទៅដល់ណាសេដ្ឋកិច្ចនឹងដល់ទីនោះនិងថាគឺជាកត្តាសំខាន់ទី២ បន្ទាប់ពីមនុស្ស។ សម្តេចធិបតីបានរំឮកថាស្ដិរភាព និងការរីកចម្រើនដូចពេលបច្ចុប្បន្នគឺបានពីកិច្ចប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាមហើយសាងសុខសន្តិភាពដោយសម្ដេចតេជោ ខណៈសម្ដេចមានប្រសាសន៍ថា «ទោះតម្លៃណាក៏ដោយត្រូវតែរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពទាំងពេលបច្ចុប្បន្ន ទៅអនាគត»៕

ដោយ ៖ សិលា


ចែករំលែក៖