ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ចូលរួមកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក.ជ.ភ. ក្រោមកិច្ចដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក.ជ.ភ.  ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ អ្នកឧកញ៉ា លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងគណៈកម្មាធិការជាតិភស្តុភារកម្ម។ 

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅយ៉ាងរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដែលរួមមាន៖

១. របាយការណ៍វឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម

២. បទបង្ហាញសង្ខេបស្តីពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistic System Master Plan 2023-2033 – CITLS)

៣. បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistic Complex – PP-LC)

៤. បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanouk Ville Logistic Complex – SHV-LC)

សូមជម្រាបថា៖ ផែនការមេ CITLS 2023-2033 បានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤ ដែលត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕

ដោយ​៖ តារា​


ចែករំលែក៖