ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្មេងទំនើងជាង៥០នាក់ក្នុងសប្ដាហ៍កន្លងទៅនេះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំនើងមិនអាចអុកឡុកសង្គមបានដោយសេរីនោះឡើយ។  ក្នុងសប្ដាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានចំនួន២២ករណី និងឃាត់ខ្លួនបានក្មេងទំនើងយ៉ាងហោចណាស់៥៧នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល ដោយសារការយកចិត្តទុកដាក់អនុវត្តរបស់កម្លាំងនគរបាលជាតិ ពិសេសកម្លាំងនៃស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ករណីក្មេងទំនើងនៅសប្ដាហ៍នេះ បានថយចុះធៀបនឹងសប្ដាហ៍មុន។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការធ្លាក់ចុះនេះ ក៏មិនមានន័យថាសមត្ថកិច្ចត្រូវដកដៃនោះឡើយ ហើយជាមួយគ្នានេះ មាតាបិតា អ្នកអាណាព្យាបាលទាំងឡាយ ក៏គួរបន្តបង្កើនការយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកគ្រួសារ ពិសេសតាមតម្រង់ផ្លូវល្អដល់កូនចៅរបស់ខ្លួនដែលជាយុវជន។

គួរកត់សម្គាល់ថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបនិងលុបបំបាត់ក្មេងទំនើងពីក្នុងសង្គម។ ក្នុងខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបាន១២៤ករណី និងឃាត់ខ្លួនមនុស្ស២៨០នាក់៕

ដោយ ៖ តារា


ចែករំលែក៖