ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះ ខណៈកម្លាំងសមត្ថកិច្ចចម្រុះតាមបណ្ដារាជធានី-ខេត្ត ក្រុង រកឃើញយានយន្តល្មើសចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៦៦គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ៧៤គ្រឿង និងម៉ូតូ ៤៨៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៦គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៧៣គ្រឿង និងម៉ូតូចំនួន ៣៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២១ថ្ងៃ ពីថ្ងៃទី១-២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១២,៣៩០គ្រឿង រថយន្តធំ ១៥២គ្រឿង រថយន្តតូច ២,៨៩៧គ្រឿង ម៉ូតូ ៩,៣៤១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៦២៩គ្រឿង, រថយន្តធំ ៨៦គ្រឿង, រថយន្តតូច ១,៨១១គ្រឿង និងម៉ូតូ ៦,៧៣២គ្រឿង (៦,៧៣២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា