ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹក និងពង្រីកសមិទ្ធផលនៅតាមមូលដ្ឋានភូមិ ឃុំ គឺទិសដៅដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ប្រកបដោយនិរន្តរភាព ហើយកាត់បន្ដយផលអវិជ្ជមានឱ្យបានជាអតិបរមា។
-សម្ដេចធិបតី ថ្លែងថា ការដំឡើងតំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី មិនមែនដោយសារ តែជាសាច់ញាតិរបស់សម្ដេចនោះទេ តែផ្ទុយទៅវិញ តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីបន្ថែមទម្ងន់នៃយន្តការដឹកនាំ គ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ទី១.ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២.ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។
-សម្ដេចធិបតី ថ្លែងថា ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ, ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។
-សម្តេចធិបតី ថ្លែងណែនាំឱ្យរៀបចំមន្រ្ដីកិច្ចសន្យាដែលមានជំនាញ និងសញ្ញាបត្រ គប្បីធ្វើឱ្យស្មើភាពជាមួយមន្រ្ដីរាជការ។
-សម្តេចធិបតី ថ្លែងថា ការពង្រឹងប្រព័ន្ធអប់រំនៅកម្រិតបឋមសិក្សា គឺមានន័យថា នៅពេលកសាងគ្រឹះនៅមូលដ្ឋានបានរឹងមាំហើយនោះ នៅពេលដល់កម្រិតឧត្តមសិក្សា នឹងមានភាពងាយស្រួល។
-សម្ដេចធិបតី ស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា(មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ)ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅ ជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិ បាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ។
-សម្ដេចធិបតី ថ្លែងថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាម ដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ តែជាផែនការជួយឱ្យបានជោគជ័យ ដោ យចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម។ ផែនការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ ខែម្ដង។
-សម្ដេចធិបតី ថ្លែងថា ក្នុងនាមនាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិនៅក្នុងការ ចង្អុលបង្ហាញដល់រដ្ឋមន្ត្រីក្រោមឱវាទ តែខ្ញុំមិនធ្វើការជំនួសរដ្ឋមន្ត្រីក្រោមឱវាទទាំងនោះនោះទេ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រីនិងស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំនិងសេវាសុខាភិបាលនៅមូលដ្ឋាន។
ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ មធ្យមសិក្សា តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារនិងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋនិងសហគមន៍ដើម្បីការអប់រំ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨៕
ដោយ៖ស តារា