ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ ពោលគឺរាជរដ្ឋាភិបាល មិនមែនធ្វើបដិវត្តគោលនយោបាយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ កំពុងតែអនុវត្តន៍នូវគោលនយោបាយដដែល ប៉ុន្តែអ្វីដែលប្រែប្រួល គឺការជ្រើសរើសអាទិភាព និងវិធីសាស្រ្តក្នុងការធ្វើដើម្បីសម្រេចគោលដៅដែលទាមទារត្រូវមាននវានុវត្តន៍និងភាពច្នៃប្រឌិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើសិនពុំមានលំនឹងនៃគោលនយោបាយនោះទេ ពោលគឺចេះតែផ្លាស់ប្តូរគោលនយោបាយរៀងរាល់អាណត្តិនោះ រាជរដ្ឋាភិបាល នឹងមិនអាចសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួនបានឡើយ។ 

សម្តេចធិបតីថា ៖ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់គោលដៅដែលទី១ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្ដេចបន្តទៀតថា ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ,ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។

សម្ដេចធិបតី បានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិ បាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖