ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ អ្វីជារថភ្លើងធុនស្រាល…? ហេតុអ្វីចាំបាច់មានយាននេះក្នុងទីក្រុង..?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃត្រង់ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖ អ្វីជារថភ្លើងធុនស្រាល…? ហេតុអ្វីចាំបាច់មានយាននេះក្នុងទីក្រុង..?

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ក្រុមហ៊ុន China Metro Group ក្នុងជំនួបជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT)នៅកម្ពុជា។

ភាគីក្រុមហ៊ុន China Metro Group បានបង្ហាញវឌ្ឍនភាពការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅកម្ពុជា ៖

១-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប។

២- គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ សម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។

ឧទាហរណ៍៖នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង៕

ដោយ​៖ស​ តារា


ចែករំលែក៖