អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានបំពានលើទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានផ្តល់អំណោយរថយន្តទំនើបមួយគ្រឿងដល់លោកប្រធាន គីម ជុងអ៊ុន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយឆ្លើយសំណួរអំពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ចំណាត់ការនេះរបស់មេដឹកនាំរុស្ស៊ីអាចបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងក្រុងព្យុងយ៉ាង។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតម្រូវឱ្យរដ្ឋសមាជិកទាំងអស់ហាមឃាត់ការផ្គត់ផ្គង់ទាំងរថយន្តដឹកជញ្ជូននិងរថយន្តទំនើបៗទៅកាន់ប្រទេសកូរ៉េខាងជើង។ លោក Miller បាននិយាយថា ប្រសិនបើការផ្ទេររថយន្តរបស់រុស្ស៊ីទៅកាន់មេដឹកនាំកូរ៉េខាងជើងគឺជាការណ៍ពិត វាទំនងជាថារុស្ស៊ីបានបំពានម្តងទៀតនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលប្រទេសនេះគាំទ្រ”។
ភាគីរុស្ស៊ីមិនបានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកទេ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្លើយតបទៅនឹងការចោទប្រកាន់ស្រដៀងគ្នារបស់មន្ត្រីកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានច្រានចោលការយល់ឃើញដែលថាទីក្រុងម៉ូស្គូបានរំលោភលើទណ្ឌកម្ម។
អ្នកស្រី Zakharova បានសរសេរនៅលើ Telegram ថា “ប្រសិនបើទីក្រុងសេអ៊ូលមានសំណួរអំពីការអនុលោមតាមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង វាគួរតែទាក់ទងទៅគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”៕ ដោយ៖ ធីរីណា
រូបថត៖ Sputnik