ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជាមេភូមិបើកបរម៉ូតូបត់មិនប្រុងប្រយ័ត្នត្រូវម៉ូតូយុវជនម្នាក់ធ្វើការនៅធនាគារបើកមកពីក្រោយបុកដួលរងរបួសធ្ងន់និងស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា÷ នៅវេលាម៉ោង ១៨និង១៥នាទី ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូនិងម៉ូតូបុកគ្នាក្នុងខណៈបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៨និង៩៩  ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យខូចខាតម៉ូតូ០២គ្រឿង កម្រិតស្រាល១គឿង កម្រិតមធ្យម១គឿង និងរងរបួសមនុស្ស០២នាក់ របួសធ្ងន់ម្នាក់បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល។ ក្រោយពីកើតហេតុនគរបាលជំនាញផ្នែកចរាចរណ៍ស្រុកបានចុះមកបាស់វែង។

នគរបាលបានបន្តថា ភាគីទី១ឈ្មោះ គង់  ស្រី ភេទស្រី អាយុ៦៥ ឆ្នាំ ជាមេភូមិ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C-០៧ ៤៧ មានពាក់មួកសុវត្ថិភាព (រងរបួសបាក់ជើងខាងឆ្វេងកម្រិតធ្ងន់)។

ភាគីទី២ឈ្មោះ ផេង តុលា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាបុគ្គលិកធនាគារអេហ្វស៊ិប រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A-៧៥១៣ មានពាក់មួកសុវត្ថិភាព (របួសស្រាលពកក្បាល) ។

នគរបាលជំនាញបានបន្តទៀតថា ករណីខាងលើនេះមកពីកត្តាមនុស្សបើកបរ បត់ដោយគ្មានការប្រុងប្រយ័ត្ន(បត់មិនសុីញ៉ូភ្លើង)។

រឿងហេតុកើតឡើងដោយសារភាគីទាំងពីរបើកបរស្របទិសគ្នា តែភាគីទី១ បានបត់ទើបធ្វើឲ្យភាគីទី២បើកបរលឿនចាប់ហ្វ្រ័ងមិនទាន់ក៏បណ្ដាលឱ្យបុកប៉ះគ្នាដួលតែម្ដង។

បច្ចុប្បន្ន អ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានដកហូតយកមករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖