ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចោទកូរ៉េខាងជើងថាបានបញ្ជូន គ្រាប់រំសេវជាង១ម៉ឺនកុងតឺន័រទៅរុស្ស៊ី

ចែករំលែក៖

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្ទេរគ្រាប់រំសេវជាង 10,000 កុងតឺន័រទៅឱ្យរុស្ស៊ីចាប់តាំងពីខែកញ្ញាឆ្នាំ 2023 ហើយបានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួនពីរដែលទីក្រុងវ៉ាស៊ីនតោនជឿថាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេរគ្រាប់រំសេវនេះ។ក្រសួងការបរទេសអាមេរិកបានធ្វើការចោទប្រកាន់ខាងលើ នៅពេលដែលខ្លួន និងក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរបស់រុស្ស៊ីជាង 500 ដើម្បីឱ្យក្រុងម៉ូស្គូទទួលខុសត្រូវចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនរយៈពេលពីរឆ្នាំ។
នៅក្នុងកញ្ចប់ទណ្ឌកម្មចុងក្រោយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់អង្គភាពរុស្ស៊ីចំនួនពីរនៅក្នុងបញ្ជីទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនជឿថាមានជាប់ពាក់ព័ន្ធក្នុងការផ្ទេរគ្រាប់រំសេវពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។
អង្គភាពទាំងពីរនេះរួមមានក្រុមហ៊ុនរុស្ស៊ីដែលគ្រប់គ្រងស្ថានីយនៅកំពង់ផែ Vostochny នៅចុងបូព៌ា និងកន្លែងកងទ័ពជើងទឹកនៅជិតទីក្រុង Vladivostok ។ រុស្ស៊ី និងកូរ៉េខាងជើងមិនបាននិយាយចេញពីការចោទប្រកាន់របស់អាមេរិកទេ។
កន្លងមក ក្នុងខែតុលា ឆ្នាំ២០២៣ សេតវិមានក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរ ថាបានបញ្ជូនឧបករណ៍យោធា និងគ្រាប់រំសេវជាង១ពាន់កុងតឺន័រ។
នៅពេលនោះ សេតវិមានក៏បានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់ឱ្យរុស្ស៊ីនូវមីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលគ្រាប់ខ្លះត្រូវបានបាញ់ចូលអ៊ុយក្រែននៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2023 ថ្ងៃទី 2 ខែមករា និងថ្ងៃទី 6 ខែមករា៕

ដោយ៖ ធីរីណា(រូប​ថត​៖ Sputnik)


ចែករំលែក៖