ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា​ នៃប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤​ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ លោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភា​ បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី​ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានអបអរសាទរចំពោះសម្តេចធិបតីដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកប្រធាន​  ព្រឹទ្ធសភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា​ អាកាសយានដ្ឋានអន្តរជាតិ​  សៀមរាបអង្គរ​ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។បន្ថែមលើនេះ លោកប្រធានព្រឹទ្ធសភា​ ក៍បានស្នើសម្តេចធិបតីចែករំលែកនូវទស្សនទានគន្លឹះ និង​បទពិសោធន៍​ ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។ 

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន​ អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី  ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតីបានជម្រាបជូនលោកប្រធានព្រឹទ្ធសភាអំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានេះដែរ​ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង​កម្ពុជា​ និងម៉ាឡេស៊ី​ ដែលជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណ​ម៉ាឡេស៊ី​ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។​ ឆ្លើយតបទៅនឹងការស្នើរបស់លោកប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ​ និងបទពិសោធន៍​ នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា  សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព​ និងស្ថិរភាពនយោបាយ ដែលត្រូវតែធានានិងរក្សាឱ្យបានប្រកបដោយចីរភាព​ និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​ ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពី ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ ដែលបានបញ្ចប់សង្គ្រាម​បែកបាក់ជាតិ​ក្នុង​រយៈពេល​៥សតវត្ស​ និងជួយឱ្យកម្ពុជា​ រក្សាបាន​នូវ​កំណេីនសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍ​របស់ខ្លួន។ 

មុននឹង​បញ្ចប់​ លោក​ប្រធាន​ព្រឹទ្ធសភា​ បានឯកភាព​ នឹង​សម្តេច​ធិបតី​  ដែលបាន​គូសបញ្ជាក់​ថា​ សន្តិភាព​ ជាកត្តាគន្លឹះ​ដ៍សំខាន់ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ និង​បាន​បញ្ជាក់បន្ថែមផងដែរថា​ ព្រឹទ្ធសភា​ម៉ាឡេស៊ី​ រង់ចាំស្វាគមន៍ដោយក្តី​រីករាយ​ ចំពោះដំណេីរផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​ព្រឹទ្ធសភា​  នៃ​ប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖