ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចែករំលែក៖

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏មហាក្រៀមក្រំនោះ ឯកឧត្តម បានសម្តែងក្តីសង្វេគសោកស្ដាយជាទីបំផុត ដោយការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូល ជាកុលបុត្រដ៏ឧត្ដុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញព្រះពុទ្ធសាសនានៅកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។ 

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖