ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីសុខាភិបាលកោតសរសើរដល់អង្គការ UNDP ដែលបានសហការគាំទ្រលើវិស័យសុខាភិបាលទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសុខាភិបាលសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ លោក Christophe Bahuet នាយករង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិ (United Nations Development Programme-UNDP) ដើម្បីចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ UNDP។

ជាកិច្ចស្វាគមន៍លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលសហការគាំទ្រលើវិស័យសុខាភិបាលទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈសកម្មភាពមួយចំនួនដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយ តបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងរួម ចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សុខភាព ជាសកល (Universal Health Coverage-UHC) ជាទិសដៅរបស់ក្រសួងសុខាភិបាល។  

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈ ប្រតិភូអង្គការ UNDP អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុត្តនាពេលបច្ចុប្បន្ននេះ។ 

លោក Christophe Bahuet នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីភិច បានថ្លែងអំណរគុណ និងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល។ លោកនាយករង ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អង្គការ UNDP ក្នុងការចូលរួមចំណែកសម្រេច ឱ្យបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការចូលរួមសកម្មភាពជាពហុវិស័យ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ UNDP ជាពិសេស លោកនាយករងប្រចាំតំបន់ អាស៊ីប៉ាស៊ីភិច ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់យោបល់បច្ចេកទេស ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖