ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៉ីន ចាន់សេរីវុត្ថា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះថា៖ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ។
អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងស្របតាមច្បាប់ និងនិតីវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា»។ លោកបន្តថា ក្រុមហ៊ុននឹងទទួលបានសិទ្ធិសិក្សា និងវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្ដមណ្ឌលគិរី។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។
លោកអនុរដ្ឋលេខាធិការ បានបន្តថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះសិក្សារកឃើញថា ដំណើរការល្អនោះនឹងឈានទៅដល់ការវិនិយោគ។
គួរជម្រាបថា រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ នៅពេលនោះ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី ៣០០ហិកតា មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង ៨០លានដុល្លារ។
ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ជួបបញ្ហាហិរញ្ញវត្ថុ ទើបគម្រោងនេះត្រូវបានជាប់គាំងមិនដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលរកបានអ្នកវិនិយោគថ្មីប្រកបដោយសក្តានុពល ទើបផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ហ្វូខឺស សិក្សាពីគម្រោងវិនិយោគ ព្រលានយន្តហោះមណ្ឌលគិរីបន្ត៕
ដោយ៖ តារា