ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​អ្នកខេត្តមណ្ឌលគិរី! ព្រលានយន្តហោះ ,ទីក្រុងរណប​ និងលេចចេញជារូបរាងសម្រាប់ខេត្តមួយនេះ ខណៈ​ក្រុមហ៊ុនទទួលសិទ្ធិកំពុងសិក្សាលម្អិតគម្រោងវិនិយោគ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិល​ លោក ស៉ីន ចាន់សេរីវុត្ថា បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះថា៖​ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) ជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាគម្រោងវិនិយោគព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដំណើរការសិក្សាលម្អិតទាំងគម្រោងអភិវឌ្ឍន៍ និងទំហំទុនដែលត្រូវវិនិយោគ។​ 

អ្នកនាំពាក្យអាកាសចរស៊ីវិល​រូបនេះ​ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងស្របតាមច្បាប់ និងនិតីវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា»។​ លោកបន្តថា ក្រុមហ៊ុននឹងទទួលបានសិទ្ធិសិក្សា និងវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម និងផ្ទេរ (BOT) និងការអភិវឌ្ឍន៍ទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្ដមណ្ឌលគិរី។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។

លោកអនុរដ្ឋលេខាធិការ​ បានបន្តថា​ ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី គឺអាស្រ័យទៅលើការសិក្សា ប្រសិនបើក្រុមហ៊ុននេះសិក្សារកឃើញថា ដំណើរការល្អនោះនឹងឈានទៅដល់ការវិនិយោគ។

គួរជម្រាបថា រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះ។ នៅពេលនោះ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី ៣០០ហិកតា មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ​ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង ៨០លានដុល្លារ។

ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ជួបបញ្ហាហិរញ្ញវត្ថុ ទើបគម្រោងនេះត្រូវបានជាប់គាំងមិន​ដំណើរការ។ ទើបតែពេលនេះ រាជរដ្ឋាភិបាលរកបានអ្នកវិនិយោគថ្មីប្រកបដោយសក្តានុពល ទើបផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ហ្វូខឺស សិក្សាពីគម្រោងវិនិយោគ ព្រលានយន្តហោះមណ្ឌលគិរីបន្ត៕

ដោយ​៖ តារា​


ចែករំលែក៖