ភ្នំពេញ ៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញផ្តល់កិត្តិយស ក្នុងក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅសួនច្បារវត្តបទុមវតី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីសរុប ២,៦០០ នាក់ ក្នុងនោះអត្តពលិកខ្មែរ ២,៣២៥ នាក់ និងអត្តពលិកអន្តរជាតិ ២៧៥ នាក់ ក្នុងនោះអត្តពលិកនារី ១,៤៤៦ នាក់។
លោក ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះ NOCC បានរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គ.ម ដើម្បីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ក៏ដូចជាជំរុញការចូលរួមលេងកីឡារបស់ស្ត្រី ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈវិស័យកីឡា។
ប្រធាន NOCC សង្កត់ធ្ងន់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជាតែងតែបង្ហាញនូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យ និងមេដាយជាច្រើនជូនជាតិមាតុភូមិ។
លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់យុវជន-យុវនារីទាំងអស់ចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ពីឧត្តមភាព ការគោរពគ្នា និងមិត្តភាព ក្នុងទិសដៅកសាងពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡា។ សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀត ដើម្បីសកម្មភាពសប្បុរសធម៌៕
ដោយ ៖ ភារ៉ា ដង្កោ