ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៖ “ គ្មានលុយបង់ផាកពិន័យចំនួន ១៨ ម៉ឺនរៀល ធ្វើឲ្យលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ” ជារឿងចាស់មាន Facebook មួយចំនួនយកមកបង្ហោះធ្វើឱ្យភាន់ច្រឡំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន មេត្តាជ្រាបថា៖ មានផេកហ្វេសប៊ុកមួយចំនួន បានយកវីដេអូចាស់ កើតឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ករណីលោកអធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ចរាចរណ៍ ១រូប ចុះអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក និងបានអនុវត្តលើសគោលការណែនាំ   រួចយកមកផុសសារជាថ្មី ដោយដាក់ចំណងជើងថា “  គ្មានលុយបង់ផាកពិន័យចំនួន ១៨ ម៉ឺនរៀល ធ្វើឲ្យលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ”  ធ្វើឲ្យបានការយល់ច្រលំ និងមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ។

  ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនថា៖ ករណីខាងលើជាករណីចាស់ ស្នងការដ្ឋាននគរបាលខេត្ត ធ្លាប់បានបំភ្លឺព័ត៌មានម្តងរួចមកហើយ គឺក្រោយពេលកើតហេតុ ភាគី នគរបាលចរាចរណ៍ និងអ្នកបើកបរ រម៉ក់ដឹកសម្ភារលក់ដូរ បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ហើយលោកអធិការរងនគរបាលស្រុករូបនោះក៏បានសុំទោសអ្នកបើកបរម៉ូតូរឺម៉ក និងបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ជាមួយគ្នានោះលោកអធិការរងនគរបាលរូបនោះ ក៏ត្រូវបានដាក់ពិន័យដោយផ្អាកការងារបណ្តោះអាសន្នផងដែរ ។

  ស្នងការដ្ឋានគរបាលខេត្ត សូមធ្វើការអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម សូមមេត្តាកុំចែករំលែកព័ត៌មានដែលមិនមានប្រភព និងកាលបរិច្ឆេទមិនច្បាស់លាស់  ដែលម្ចាស់ផេកយកវីដេអូចាស់មកផុសឡើងវិញនេះ គឺមានចេតនាមិនល្អ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំង និងបំពុលសង្គម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រលំ ដោយគ្រាន់តែចង់បាន View , Like, Share … ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖