ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល បានបង្ហាញមុខបុរសពីរនាក់ ដែលខ្ចីម៉ូតូគេយកទៅដាក់បញ្ចាំ ជាសាធារណៈក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឃាត់ជនសង្ស័យចំនួន ០២នាក់ ករណីអំពើ រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅដាក់បញ្ចាំ) នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់នេះ ទី១-ឈ្មោះ មឿ សំណាង ហៅ ម៉ាប់ឈ្មោល អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងទី២-ឈ្មោះ លី ជីវ័ន ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ ចន្ថា ផាណែត ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ភូមិក្រាំងពញា ឃុំវាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ តារា