ក្រុមអធិរាជស Real Madrid បានឈានមួយជំហានកាន់តែខិតជិតក្នុងការដណ្តើមបានជើងឯក La Liga របស់អេស្ប៉ាញឡើងវិញ ខណៈដែលពួកគេបានផ្តួលក្រុម Celta Vigo របស់លោក Rafael Benitez ដើម្បីស្តារការនាំមុខចំនួន៧ពិន្ទុ។
ដោយមិនមានកីឡាករ Jude Bellingham ដែលត្រូវបានព្យួរនោះ Real Madrid បានរកគ្រាប់បាល់នាំមុខនៅពេលដែល Vinicius Jr ស៊ុតចូលពីចម្ងាយបន្ទាប់ពីការប្រឹងប្រែងដំបូងរបស់គាត់ត្រូវបានរារាំងដោយអ្នកចាំទី Vicente Guaita របស់ Celta Vigo ។
ក្រុមម្ចាស់ផ្ទះរកបានតែ១គ្រាប់ទេនៅតង់ទី១ ប៉ុន្តែនៅតង់ទី២អ្នកគាំទ្រ Bernabeu មានការសប្បាយចិត្តឡើងវិញ ដោយបន្តដាក់សម្ពាធលើក្រុមភ្ញៀវ Celta Vigo រហូតធ្លាយគ្រាប់បាល់៣គ្រាប់បន្ថែមទៀត។
Real Madrid ទទួលបានបាល់សំណាង២គ្រាប់នៅតង់ទី២ តាមរយៈការភ្លាត់ស្នៀតរបស់កីឡាករ Guaita និង Carlos Dominguez ពីការបញ្ជូនបាល់របស់ Vinicius ពីខាងឆ្វេងបានបណ្តាលឱ្យមានការប៉ះកីឡាករទាំង២នាក់នេះ ។
ក្រុមម្ចាស់ផ្ទះរកបានគ្រាប់ទី៤របស់ខ្លួនជាគ្រាប់បាល់ក្នុងម៉ោងបន្ថែម៩០+៤ មួយគ្រាប់ទៀតដែលជាការរកបានដោយកីឡាករវ័យជំទង់ជនជាតិទួរគី Arda Guler។ជាមួយនឹងគូប្រជែងដែលនៅជិតបំផុតគឺក្រុម Girona និង Barcelona បានឈ្នះកាលពីដើមសប្តាហ៍នេះ Real Madrid មិនអាចមានលទ្ធភាពផ្តល់ក្តីសង្ឃឹមដល់គូប្រជែងរបស់ពួកគេជាមួយនឹងការយកឈ្នះ Celta Vigo ដែលជាក្រុមស្ថិតក្នុងហានិភ័យក្នុងតំបន់កាត់ចោល។
ក្រុម Real Madrid គឺមានក្តីសង្ឃឹមច្រើនបន្ទាប់ពីបានយកឈ្នះលើក្រុម RB Leipzig កាលពីថ្ងៃពុធដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលពានរង្វាន់ក្នុងស្រុកនៅរដូវកាលនេះកាន់តែកៀកនឹងការលើកពានផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)