ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍គម្រោងបច្ចេកវិទ្យាមួយចំនួនដូចជា៖ គ្រប់គ្រងហិវញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រូនិចពន្ធដារ និងគយ
-ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ផ្តល់អាជ្ញាប័ណ្ណប្រព័ន្ធអប់រំឌីជីថល និងអេឡិចត្រូនិច និងប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្តជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅថា CamDX) ដែលជាថ្នាលគន្លឹះមួយត្រូវបាន និងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជននៅក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ដោយឡែក ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្នុងនោះ ព្រមទាំងបានជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ នេះជាអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម ៕
ដោយ ៖ សិលា