ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រា និងការស្លាប់បណ្ដាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ មន្ទីរពេទ្យ តេជោសែន កោះធំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិតជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិននៅតែលើក្រដាស ឬផែនការនោះទេ គឺដើម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពរដ្ឋ៕
ដោយ ៖ សិលា