ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសចំនួន២នាក់ និងខ្មែរម្នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ករណីទី១, កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ IGOR KONONOV ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ជនជាតិហ្វាំងឡង់ ។
ចាប់យកវត្ថុតាងរួមមាន៖
– គ្រឿងញៀនប្រភេទ លីហ្សែហ្សិដ(lysergide) ១សន្លឹក
– កញ្ឆាក្រៀម ២ កញ្ចប់
– ផ្សិតចំនួន ១
– ទឹកសារធាតុលីហ្សែរហ្សិដនៅក្នុងសឺរាំង
– ម៉ូតូ ១ គ្រឿង
-ទូរស័ព្ទដៃ ០១គ្រឿង
– ខ្សៀសម្រាប់ជក់កញ្ឆា ១
– លិខិតឆ្លងដែន ១
បន្ទាប់ពីបានសាកសួរជនសង្ស័យរួចមក នៅវេលាម៉ោង១៧ និង ៣០នាទីល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ស្ថិតនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ឈ្មោះ KALENKINIVAN ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ រុស្ស៊ី រស់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
ដកហូតវត្ថុតាងរួមមាន៖
– ជញ្ជីងអេឡិចត្រូនិក ៣ គ្រឿង
– កញ្ឆាក្រៀម ៤ កញ្ចប់និងកន្លះចាន
– ឧបករណ៍សម្រាប់ជក់ ១ កំប្លេរ
– ក្រដាសសម្រាប់មូលកញ្ឆា ៥ ដុំ
– ខ្សៀរសម្រាប់ជក់កញ្ឆា ៨
– ឧបករណ៍សម្រាប់កិនកញ្ឆា ២គ្រឿង
– សឺរាំងសម្រាប់ចាក់ ១
– ទូរស័ព្ទ ១គ្រឿង និងប័ណ្ណការងារ ១ ។
ដោយឡែកនៅថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្មាន មូសគហ្វី ភេទប្រុស អាយុ ២៤ឆ្នាំ នៅក្រុងកំពត ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាក់ស្ដែង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់នេះ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
ដោយ៖ តារា